លោក ហ្សេលេនស្គី៖ សមនឹងទទួលបាន ការចាប់ផ្តើមកិច្ចពិភាក្សាក្នុងឆ្នាំនេះ ស្តីពីការចូលជាសមាជិក EU

(កៀវ)៖  លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា ប្រទេសរបស់លោកដែលកំពុងបន្តរងគ្រោះដោយសារសង្រ្គាម ស័ក្តិសមនឹងទទួលបានការចាប់ផ្តើមកិច្ចចរចានៅក្នុងឆ្នាំនេះ ស្តីពីការចូលជាសមាជិករបស់​សហភាពអឺរ៉ុប (EU)។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៣ ខែកុម្ភៈ ឆ្នាំ២០២៣។

លោក ហ្សេលេនស្គី ប្រធានាធិបតីអ៊ុយក្រែន បានលើកឡើងដូចខាងលើ ក្រោយជួបជាមួយប្រធានគណៈកម្មការអឺរ៉ុប លោកស្រី អួរស៊ូឡា វ៉ុនដឺ លីយេន (Ursula von der Leyen) នៅរដ្ឋធានីកៀវ។ លោក ហ្សេលេនស្គី បានបន្តថា ការធ្វើសមាហរណកម្មជាមួយសហភាពអឺរ៉ុប នឹងលើកទឹកចិត្តអ៊ុយក្រែនកាន់តែខ្លាំង ហើយផ្តល់កម្លាំងចិត្តដល់ពួកគេបន្ថែមទៀត ដើម្បីប្រយុទ្ធតស៊ូជាមួយកងកម្លាំងឈ្លានពានរបស់រុស្ស៉ី។ នៅថ្ងៃសុក្រនេះ ទីក្រុងកៀវនឹងធ្វើជាម្ចាស់ផ្ទះរៀបចំ កិច្ចប្រជុំកំពូលមួយរវាងសហភាពអឺរ៉ុបនិងអ៊ុយក្រែន។

កាលពីខែមិថុនា ឆ្នាំ២០២២ ក្រុមមេដឹកនាំសហភាពអឺរ៉ុប បានផ្តល់ឋានៈជាបេក្ខភាពសមាជិក EU ដល់អ៊ុយក្រែន គឺប៉ុន្មានខែបន្ទាប់ពីប្រធានាធិបតីរុស្ស៉ី បានបញ្ជូនទ័ពចូលឈ្លានពានប្រទេសជិតខាងខ្លួន ដែលមាននិន្នាការគាំទ្រលោកខាងលិច។ ទោះជាបែបនេះក្តី ផ្លូវឆ្ពោះទៅរកការចូលជាសមាជិក EU ពេញលេញ គឺវែងឆ្ងាយនិងអាចប្រើពេលយូរឆ្នាំសម្រាប់ទីក្រុងកៀវ។ តួយ៉ាងកាលពីខែឧសភា ឆ្នាំមុន ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បានព្រមានថា វាអាចនឹងប្រើពេលវេលាដល់ខ្ទង់​រាប់ទសវត្សរ៍ឯណោះ មុនពេលអ៊ុយក្រែនបានបំពេញតាមលក្ខខណ្ឌគ្រប់បែបយ៉ាង ហើយក្លាយជាសមាជិក EU ពេញសិទ្ធិ៕

You might like

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *