(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី អនុញ្ញាតឱ្យលោកស្រី Alissar Chaker តំណាងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) ប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារមុនលោកស្រីបញ្ចប់បេសកកម្មនៅកម្ពុជា នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥។
ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត និងលោកស្រី Alissar Chaker បានផ្តោតកិច្ចពិភាក្សាលើប្រធានបទសំខាន់ៗមួយចំនួនពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការរវាង UNDP និងរាជរដ្ឋាភិបាលកម្ពុជា, ភាពសមស្របនៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) របស់អង្គការសហប្រជាជាតិទៅនឹងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរបស់កម្ពុជា ។
ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានបន្តថា ដោយសារការប្រែប្រួល និងភាពមិនច្បាស់លាស់នៃភូមិសាស្ត្រនយោបាយសាកល និងពាណិជ្ជកម្មអន្តរជាតិ កម្ពុជាចាំបាច់ត្រូវកសាងសមត្ថភាព និងអភិវឌ្ឍធនធានមនុស្ស ព្រមទាំងចាប់យកបច្ចេកវិទ្យាដែលជាចលករនៃកំណើន ក៏ដូចជាបង្កើនផលិតភាព និងភាពធនរបស់ខ្លួន ដែលទាំងអស់នេះត្រូវបានគូសរំលេចជាគោលដៅយុទ្ធសាស្ត្រនៅក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលជាចក្ខុវិស័យដ៏វែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។
លោកស្រី Alissar Chaker បានលើកឡើងថាការងារដែល UNDP បាននិងកំពុងបំពេញជាមួយរាជរដ្ឋាភិបាលកម្ពុជា ឆ្លុះបញ្ចាំងអំពីកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូដ៏ល្អ ក្នុងគោលដៅអភិវឌ្ឍប្រកបដោយចីរភាព ដោយផ្តោតលើមូលហេតុឬសគល់នៃបញ្ហាប្រឈម និងការស្វែងរកដំណោះស្រាយរួមគ្នា។
ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានថ្លែងអំណរគុណជាថ្មីម្តងទៀតចំពោះកិច្ចខិតខំប្រឹងប្រែង និងការចូលរួមជាមួយស្មារតីបុរេសកម្មរបស់លោកស្រី ដែលបានរួមចំណែកដល់ការអភិវឌ្ឍប្រទេសកម្ពុជា និងបានជូនពរលោកស្រីជោគជ័យក្នុងបេសកកម្មថ្មីបន្ថែមទៀត៕