​ករណី​បង្ក្រាប​មេខ្លោង​គ្រឿងញៀន​៤​នាក់​នៅ​ខេត្ត​កំពង់ធំ សមត្ថកិច្ច​រកឃើញ​គ្រឿង

[​កំពង់ធំ​]៖ សមត្ថកិច្ច​នគរបាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀន សហការ​ជាមួយ​នគរបាល​ខេត្ត​កំពង់ធំ ចាប់ខ្លួន​បាន​មេខ្លោង​ជួញដូរ​គ្រឿងញៀន​ចំនួន​៤​នាក់ ដកហូត​ថ្នាំញៀន​៤០​គីឡូក្រាម កាលពី​ថ្ងៃ​ទី​២១ ខែតុលា ឆ្នាំ​២០១៩​រួចមក​នោះ​, នៅ​ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ​២០១៩​នេះ សមត្ថកិច្ច​នគរបាល​បាន​ចុះ​ឆែកឆេរ​រកឃើញ​គ្រឿងញៀន​ចំនួន​៥៣​គីឡូក្រាម​ថែមទៀត ដែល​ជនល្មើស​លាក់ទុក​។​

​ការ​សហប្រតិបត្តិការ​រុករក​ទីតាំង​លួច​លាក់​ទុក​គ្រឿងញៀន គឺ​ត្រូវបាន​ធ្វើឡើង​នៅ​រសៀល​ថ្ងៃ​ទី ២៣ ខែតុលា ឆ្នាំ ២០១៩ ដោយ​មាន​ការចូលរួម​ពី​កម្លាំង​អធិការ​ស្រុក​កំពង់ស្វាយ និង​អាជ្ញាធរ​ភូមិ​ឃុំ បាន​ដឹកនាំ ឆែក​រក​វត្ថុតាង​ដោយ លោក​អ៊ិត សុធា ព្រះរាជអាជ្ញា និង​ស្នងការ​នគរបាល​ខេត្ត​កំពង់ធំ បាន​ចុះ​ឆែកឆេរ​ផ្ទះ​មួយ​ខ្នង ស្ថិតនៅក្នុង​ភូមិ​សាន​គរ (​ខ​) ឃុំ​សាន​គរ ស្រុក​កំពង់ស្វាយ ខេត្ត​កំពង់ធំ ត្រង់​ចំនុច​ខាងកើត​ប្រឡាយ​ទំនប់​៣០​កញ្ញា ដែល​ជនសង្ស័យ​បាន​លាក់​ថ្នាំញៀន ប្រភេទ​បេតម​ហ្វេ​តា​មីន (​ម៉ា​ទឹកកក​) នៅក្នុង​ផ្ទះ​ធ្វើ​អំពើ​ស័ង្កសី​។​

​ការឆែកឆេរ គឺ​ត្រូវបាន​នាំ​ជនសង្ស័យ​ទាំង​៤​នាក់ មក​ចង្អុលបង្ហាញ​នូ​វត្ថុតាង ក្រោយ​ពី​បើក​សោរ សមត្ថកិច្ច​ជំនាញ​បាន​រកឃើញ វ៉ា​លី​ក្រណាត់​ចំនួន​៣ មាន​ពណ៌​ក្រហម ពណ៌​ខ្មៅ និង​ពណ៌​ខៀវ ដែល​បាន​លាក់ទុក​នៅ​ក្រោម​គ្រែ សមត្ថកិច្ច​បាន​នាំយក​វ៉ា​លី​ទាំង​៣ មក​ឆែក​បាន​ប្រទះឃើញ ថ្នាំញៀន​ដែល​មាន​ការ​វេច​ខ្ចប់​ដាក់​សំបក​កញ្ចប់​តែ ដែល​មាន​ពណ៌​ទឹកមាស មាន​រូប​សញ្ញា​ផ្កាយ​ចំនួន​៥ ដើម្បី​បំភាន់​ភ្នែក​មហាជន ចំនួន​៥៣​ដុំ ស្មើរ​នឹង​៥៣​គីឡូក្រាម ។​

​សមត្ថកិច្ច​ចាប់ខ្លួន​ជនសង្ស័យ​ចំនួន​៤​នាក់​ពាក់ព័ន្ធ​ករណី​ជួញដូរ​គ្រឿងញៀន​ដ៏​ធំ នៅ​ខេត្ត​កំពង់ធំ រួមមាន​៖ ទី​១-​ឈ្មោះ SAk SAESONG ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជនជាតិ​ថៃ​, ទី​២-​ឈ្មោះ សុខ ប៊ុន​សិរិ​ឆ័យ ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ជនជាតិខ្មែរ​, ទី​៣-​ឈ្មោះ លី តឹក ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ ជនជាតិខ្មែរ និង ទី​៤-​ឈ្មោះ គង់ វណ្ណៈ ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ជនជាតិខ្មែរ​៕

You might like

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *