អាជ្ញាធរ​កម្ពុជា​ថា​កុមារ​ខ្មែរ​ចំនួន​១៧​នាក់​មាន​សុវត្ថិ​ភាព​ហើយ​ ក្រោយ​ជួយ​សង្គ្រោះ​ពី​អំពើ​ជួញ​ដូរ​មនុស្ស​…

បន្ទាប់​ពី​អាជ្ញាធរ​ប្រទេស​នេះ​បាន​ឆ្មក់​ចូល​បង្ក្រាប​លើ​ទី​តាំង​៤​កន្លែង​នៅ​តំបន់​ឆ្នេរ ​Patong​ ក្នុង​ខេត្ត​ភូកេត​ កាលពី​ចុង​សប្តាហ៍មុន​។​ នេះ​បើ​តាម​អាជ្ញាធរ​ជាតិ​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស​របស់​កម្ពុជា​។ ​ប៉ុន្តែ​គេ​មិន​ទាន់​ដឹង​ថា​ តើ​​នឹង​ត្រូវ​បញ្ជួន​កុមារ​ទាំង​នោះ មក​កម្ពុជា​វិញ​ឬ​យ៉ាង​ណា​ទេ ​ដែល​បញ្ហា​នៅ​ត្រង់​ថា​ឳពុក​ម្តាយ​របស់​ពួកគេ​កំពុង​តែ​រស់​នៅ​ប្រទេស​ថៃ​ដែរ​។ លោកស្រី ជូ ប៊ុនអេង អនុ​ប្រធាន​អចិន្រៃ្តយ៍​របស់​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស​កម្ពុជា បាន​ប្រាប់សារព័ត៌មា​នៅថ្ងៃ​សៅរ៍​នេះ​ថា ស្ថាន​ទូត​ខ្មែរ​នៅទី​ក្រុង​បាង​កក​កំពុង​ធ្វើ​កិច្ច​ការ​នេះ​ជា​មួយ​អាជ្ញាធរ​ថៃ ខណៈ​សមត្ថកិច្ច​កំពុង​ស្វែង​រក​ចាប់​ខ្លួន​បណ្តាញ​មេ​ខ្យល់​នៅ​ប្រទេស​ខ្មែរ​។

​​កុមារ​ខ្មែរ​ចំនួន​១៧​នាក់​នោះ កំពុង​ស្ថិត​នៅ​មណ្ឌល​ថែ​ទាំ​មួយ​កន្លែង​នៅ​ក្នុង​ប្រទេស​ថៃ បន្ទាប់​ពី​អាជ្ញាធរ​ប្រទេស​នេះ​បាន​ឆ្មក់​ចូល​បង្ក្រាប​លើ​ទីតាំង​៤​កន្លែង​នៅ​តំបន់ឆ្នេរ Patong ក្នុង​ខេត្ត​ភូកេត​ កាល​ពី​ចុង​សប្តាហ៍​មុន​។​ ​​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារ​ព័ត៌​មាន​ថៃ Phuket News នៅ​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ គឺ​កុមារ​ខ្មែរ​ទាំង​នោះ​ត្រូវ​បាន​គេ​ប្រើ​ឲ្យ​ដើរ​សុំ​ទាន​ឬ​លក់​របស់​របរ​ ដោយ​ដាក់​កំហិត​ក្នុង​មួយ​ថ្ងៃ​ឲ្យ​បាន​៣០០០​បាត ។​ហើយ​កុមារ​ខ្លះក្នុង​ចំណោម​នោះ​ត្រូវ​រង​ការ​ធ្វើ​ទារុណកម្ម​លើ​រាង​កាយ នៅ​ពេល​ពួកគេ​មិន​អាច​រក​លុយបាន​គ្រប់​ចំនួន​។ កុមារ​ទាំង​នោះ​ភាគ​ច្រើន​អាយុ​ក្រោម​១៥​ឆ្នាំ ពួក​គេ​ធ្វើ​ការ​ដោយ​គ្មាន​ថ្ងៃ​សម្រាក។

តាម​ការ​សាកសួរ​ទៅ​លើ​កុមារ​ទាំង​នោះ គឺ​ក្រុម​មេ​ខ្យល់​បាន​សន្យា​ផ្តល់​ប្រាក់​ឲ្យ​ឳពុក​ម្តាយ​ពួកគេ​ចំនួន​៥០០០​បាត​ក្នុង​មួយ​ខែ តែ​ជាក់​ស្តែង​ឳពុក​ម្តាយ​ពួកគេ​មិន​ដែល​បាន​ទទួល​លុយ​នោះ​ឡើយ​។ លោក​ស្រី ជូ ប៊ុនអេង នៅ​មិន​ទាន់​អាច​សន្និដ្ឋាន​បាន​ថា​ជា​ករណី​ជូញ​ដូរ​មនុស្ស​ឬ​យ៉ាង​ណា​ទេ​ដោយ​ត្រូវ​ការ​របាយ​ការណ៍​លំអិត​បន្ថែមពី​អាជ្ញាធរ​ពាក់​ព័ន្ធ​ដែល​កំពុង​សាកសួរ​ទៅ​លើ​ឳម្តាយ​របស់​កុមារ​ទាំង​នោះ​ដែល​កំពុង​រស់​នៅ​ប្រទេស​ថៃ​។ ​ហើយ​នេះ​ក៏​បញ្ហា​មួយ​ដែល​អាជ្ញាធរ​ពិបាក​សម្រេច​ចិត្ត​ថា​នឹង​បញ្ជួន​កុមារ​ទាំង​នោះ​មក​កម្ពុជា​វិញ​ឬយ៉ាង​ណា​?

បើ​តាម​សារព័ត៌​មាន​ថៃ Phuket News ​ក្នុង​ប្រតិបត្តិ​ការ​ចុះ​បង្រ្កាប​ករណី​សង្ស័យ​ការ​ជួញ​ដូរ​មនុស្សនៅ​តំបន់​ឆ្នេរ Patong ក្នុង​ខេត្ត​ភូកេត​នោះ ប៉ូលីស​ថៃ​បាន​ចាប់​ខ្លួន​មនុស្ស​២​នាក់ ដែល​ម្នាក់ជា​ជន​ជាតិ​ថៃ និង​ម្នាក់​ទៀត​មិន​មែន​ជា​ជន​ជាតិ​ថៃ​នោះទេ​។ តែ​បើ​តាម​លោក​ស្រី ជូ ប៊ុនអេង នេះ​មិន​មែន​ជា​ករណី​ទី១​ដែល​អាជ្ញាធរ​ថៃ​បង្ក្រាប​លើ​ករណី​សង្ស័យ​ជួញ​ដូរ​មនុស្ស​នេះ ខណៈ​អាជ្ញាធរ​កម្ពុជា​កំពុង​ស្វែង​រក​ចាប់​ខ្លួន​បណ្តាញ​មេ​ខ្យល់​នៅ​ប្រទេស​ខ្មែរ​ផង​ដែរ​៕

You might like

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *