តួកគី ស្នើឱ្យរុស្ស៊ីឈរនៅម្ខាង ដើម្បីអាចដោះស្រាយជាមួយរបបដឹកនាំស៊ីរី …

(អង់ការ៉ា)៖ ស្ថានការណ៍នៅក្នុងខេត្ត Idlib តានតឹងដល់ចំនុចកំពូល ប្រធានាធិបតីតួកគី លោក អឺដូហ្គាន់ បានស្នើឱ្យរុស្ស៊ីឈរនៅម្ខាង ហើយទុកឱ្យទីក្រុងអង់ការ៉ា ប្រយុទ្ធជាមួយរបបដឹកនាំស៊ីរី មួយទល់នឹងមួយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន RT នៅថ្ងៃសៅរ៍ ទី២៩ ខែកុម្ភៈ ឆ្នាំ២០២០។

លោក អឺដូហ្គាន់ កត់សម្គាល់ខាងលើនៅចំពោះមុខថ្នាក់ដឹកនាំគណបក្ស របស់លោក នៅថ្ងៃសៅរ៍នេះ។ លោកប្រធានាធិបតីតួកគី បានគូសបញ្ជាក់ ថា៖  ខ្ញុំបានសួរទៅកាន់លោកប្រធានាធិបតីរុស្ស៊ី ពូទីន ថាតើអ្នកមានភារកិច្ចអ្វីនៅក្នុងប្រទេសស៊ីរី? ហើយបើសិនជាអ្នកចង់បង្កើត ឬរក្សាមូលដ្ឋាន ទ័ពនៅទីនោះ យើងមិនជំទាស់នោះទេ…ប៉ុន្តែអ្នកគួរតែឈរនៅម្ខាង ដើម្បីទុកឱ្យពួកយើងប្រយុទ្ធជាមួយរបបដឹកនាំស៊ីរី មួយទល់នឹងមួយ ។

នៅក្នុងសប្ដាហ៍នេះ ទាហានតួកគី៣៤នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមផ្លូវអាកាស ដែលទីក្រុងអង់ការ៉ា ចោទថាជាស្នាដៃរបស់កងកម្លាំង រដ្ឋាភិបាលប្រធានាធិបតីស៊ីរី លោក បាស្សា អាល់អាសាដ ធ្វើឱ្យចំនួនទាហានតួកគីស្លាប់នៅទឹកដីស៊ីរី កើនដល់៥៥នាក់ នៅក្នុងខែកុម្ភៈនេះ។ ប៉ុន្តែទន្ទឹមគ្នា បើតាមអង្គការ ឃ្លាំមើលសិទ្ធិមនុស្សស៊ីរី កងកម្លាំងស្ម័គ្រស្មោះនឹងលោក អាសាដ ៤៨នាក់ ក៏បានបាត់បង់ជីវិតផងដែរ នៅក្នុងការវាយប្រហារសងសឹកពីសំណាក់តួកគី នារយៈពេល ២៤ម៉ោងចុងក្រោយនេះ ខណៈតួកគី និងរុស្ស៊ី ដែលជាសម្ព័ន្ធមិត្តរបស់លោក អាសាដ កាន់តែតឹងសសៃកដាក់គ្នា៕

You might like

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *